តម្លៃស្រ្តីនៅក្នុងសាសនាអ៊ីស្លាម


តម្លៃស្រ្តី នៅក្នុងសាសនាអ៊ីស្លាម


ការណែនាំ

ស្ត្រីនៅក្នុងសាសនាអ៊ីស្លាមត្រូវគេចោទប្រកាន់ថា គ្មានសិទ្ធិសេរីភាព មិនត្រូវបានអោយតម្លៃ ត្រូវបានគាបសង្កត់។ល។ តើពិតប្រាកដដែរឬទេ? តើមូស្លីមរាប់លាននាក់ក្នុងពិភពលោកកំពុងធ្វើទង្វើបែបនេះ ឬមួយជាការយល់ច្រឡំ ជាការបំភ្លើសការពិតរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន??

អស់រយៈកាលជាង ១៤០០ ឆ្នាំកន្លងមកហើយ ដែលសាសនាអ៊ីស្លាមបានផ្តល់សិទ្ធិយ៉ាងពេញលេញដល់ស្រ្តីគ្រប់រូប ខណៈពេលដែលប្រទេសលោកខាងលិច ទើបតែចាប់ផ្តើមផ្តល់សិទ្ធិដល់ស្ត្រីក្នុងកឡុងឆ្នាំ ១៩៣០។ អុលឡោះបានមានព្រះបន្ទូលនៅក្នុងគម្ពីរគួរអានថា៖ 

وَلَهُنَّ مِثلُ الَّذِي عَلَيهِنَّ بِالمَعرُوفِ 

មានន័យថា៖ ❝ ហើយពួកនាងមានសិទ្ធិទៅលើប្តីដូចសិទ្ធិរបស់ប្តី ដែលមានទៅលើពួកនាងដោយស្របច្បាប់ដែរ។ ❞ (២:២២៨)

មនុស្សទាំងអស់មានដើមកំណើតពីបុរសម្នាក់គឺព្យាការីអាដាំ

អុលឡោះបានមានព្រះបន្ទូលថា៖ 

يَا أَيُّهَا النَّاسُ اتَّقُوا رَبَّكُمُ الَّذِي خَلَقَكُم مِّن نَّفْسٍ وَاحِدَةٍ وَخَلَقَ مِنْهَا زَوْجَهَا وَبَثَّ مِنْهُمَا رِجَالًا كَثِيرًا وَنِسَاءً ۚ 

មានន័យថា៖ ❝ ឱមនុស្សលោក! ចូរពួកអ្នកកោតខ្លាចម្ចាស់របស់ពួកអ្នក ដែលបានបង្កើតពួកអ្នកចេញពីមនុស្សតែមួយគត់(អាដាំ) ហើយទ្រង់បានបង្កើតចេញពីគាត់នូវភរិយារបស់គាត់(ហាវ៉ា/អេវ៉ា) ហើយទ្រង់បានបង្កើតចេញពីអ្នកទាំងពីរនូវបុរស និងស្ត្រីជាច្រើន។ ❞ (៤:១)

សាសនាអ៊ីស្លាមមិនដាក់កាតព្វកិច្ចដាច់ខាតទៅលើបុរស និងស្ត្រីលើកលែងតែមានភាពយុត្តិធម៌ ជាក់ស្តែងដូចជា៖

១. ភាពស្មើគ្នាក្នុងការទទួលផលបុណ្យ និងទំនួលខុសត្រូវ

បុរស និង ស្ត្រីក្នុងសាសនាអ៊ីស្លាមគោរពសក្ការៈព្រះតែមួយគត់គឺអល់ឡោះ ឬមានគោលជំនឿដូចគ្នា ហើយអនុវត្តតាមគម្ពីរតែមួយ(គម្ពីរគួរអាន)។ អល់ឡោះ (ជាពាក្យតាមភាសាអារ៉ប់សម្រាប់ព្រះពិតតែមួយគត់ ដែលបានបង្កើតអ្វីៗទាំងអស់) ជាអ្នកកាត់ក្តីលើគ្រប់មនុស្សជាតិទាំងអស់ដោយមិនលម្អៀង និងមានសមភាព ទ្រង់ផ្តល់នូវផលបុណ្យស្មើៗគ្នាសម្រាប់បុរស និងស្ត្រី ដែលមានចែងជាច្រើនកន្លែងនៅក្នុងគម្ពីរគួរអាន៖

 وَعَدَ اللَّهُ الْمُؤْمِنِينَ وَالْمُؤْمِنَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا وَمَسَاكِنَ طَيِّبَةً فِي جَنَّاتِ عَدْنٍ ۚ وَرِضْوَانٌ مِنَ اللَّهِ أَكْبَرُ ۚ ذَٰلِكَ هُوَ الْفَوْزُ الْعَظِيمُ 

មានន័យថា៖ ❝ អុលឡោះបានសន្យាចំពោះបណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រី នូវឋានសួគ៌ដែលមានទន្លេហូរកាត់ពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ និងមានលំនៅឋានជាច្រើនដ៏ល្អប្រណីត នៅក្នុងឋានសួគ៌អាត់និន។ ហើយការពេញចិត្តពីអល់ឡោះ គឺធំធេងបំផុត។ នោះគឺជាជ័យជំនះដ៏ធំធេង។ ❞ (៩:៧២)

 أَنِّي لَا أُضِيعُ عَمَلَ عَامِلٍ مِّنكُم مِّن ذَكَرٍ أَوْ أُنثَىٰ ۖ بَعْضُكُم مِّن بَعْضٍ

មានន័យថា៖ ❝ ពិតប្រាកដណាស់យើងមិនបំបាត់ទង្វើរបស់អ្នកដែលបានធ្វើក្នុងចំនោមពួកអ្នកឡើយ ទោះបីជាប្រុស ឫស្រីក្តី ដោយពួកអ្នកមកពីពូជអំបូរតែមួយគត់។ ❞ (៣:១៩៥)

ឃ្លានេះបានបង្ហាញថា ក្នុងសាសនាអ៊ីស្លាម ផលបុណ្យដែលប្រុសនិងស្រីទទួលបានគឺអាស្រ័យទៅលើអ្វីដែលពួកគេបានធ្វើ មិនបានបែងចែកភេទនោះឡើយ។ ប្រសិនបើយើងប្រៀបធៀបសាសនាអ៊ីស្លាមទៅនឹងសាសនាដទៃ សបញ្ជាក់អោយឃើញថា សាសនាអ៊ីស្លាមមានភាពយុត្តិធម៌លើការទទួលបានផលបុណ្យរវាងភេទទាំងពីរ។ ឧទាហរណ៍៖ ព្យាការីអាដាំ និងនាងហាវ៉ា បានហូបផ្លែឈើដែលគេហាមឃាត់ យោងតាមច្បាប់សាសនាអ៊ីស្លាម ពួកគេទាំងពីរត្រូវទទួលបាបកម្មដូចគ្នា ហើយនៅពេលដែលពួកគេសារភាពកំហុសទៅចំពោះអុលឡោះ ទ្រង់បានអភ័យទោសអោយពួកគេទាំងពីរដូចគ្នាដែរ។

២. សិទ្ធិស្មើគ្នាក្នុងការស្វែងរកចំណេះវិជ្ជា

សាសនាអ៊ីស្លាមជំរុញស្មើគ្នាទាំងបុរស និង ស្ត្រីអោយស្វែងរកចំណេះវិជ្ជា ព្យាការីមូហាំម៉ាត់ (សូមសន្តិភាពកើតមានចំពោះគាត់)បានមានប្រសាសន៍ថា៖ 

طلب العلم فريضة على كل مسلم 

មានន័យថា៖ ❝ ការស្វែងរកចំណេះវិជ្ជាជាកាតព្វកិច្ចលើរាល់ជន

មូស្លីម(អ្នកកាន់សាសនាអ៊ីស្លាមប្រុស និងស្រី)។ ❞

ជាក់ស្តែងដូចជា វត្តមានអ្នកប្រាជ្ញមូស្លីមដែលជាស្រ្តីនៅសម័យកាលព្យាការីមូហាំម៉ាត់ (សូមសន្តិភាពកើតមានចំពោះគាត់)។ ពួកនាងមួយចំនួនជាក្រុមគ្រួសាររបស់ព្យាការីមូហាំម៉ាត់ (សូមសន្តិភាពកើតមានចំពោះគាត់) ហើយអ្នកដទៃទៀតជាអ្នករួមជំនាន់ និងមានជំនឿតាមលោក ឬជាកូនស្រីរបស់ពួកគេ។ អ្នកស្រីអាអ៊ីស្ហះត្រូវជាប្រពន្ធរបស់ព្យាការីមូហាំម៉ាត់ (សូមសន្តិភាពកើតមានចំពោះគាត់) បាននាំយកមួយភាគបួននៃច្បាប់សាសនាអ៊ីស្លាមពីព្យាការីមូហាំម៉ាត់ (សូមសន្តិភាពកើតមានចំពោះគាត់)ដល់មនុស្សជំនាន់ក្រោយ។

៣. សិទ្ធិស្មើគ្នាក្នុងការជ្រើសរើសគូស្រករ

សាសនាអ៊ីស្លាម បានផ្តល់សិទ្ធិយ៉ាងពេញលេញដល់បុរស និងស្រ្តីក្នុងការរើសគូស្រករ ហើយ សាសនាអ៊ីស្លាមបានហាមឃាត់ឪពុកម្តាយពីការបង្ខិតបង្ខំកូនស្រីរបស់ខ្លួន ក្នុងការរៀបអាពាហ៍ពិពាហ៍ ដែលសកម្មភាពទាំងអស់នេះត្រូវបានអនុវត្តក្នុងវប្បធម៌មួយចំនួន។

នៅសម័យកាលព្យាការីមូហាំម៉ាត់ (សូមសន្តិភាពកើតមានចំពោះគាត់) មានស្ត្រីម្នាក់បានមកជួបគាត់ហើយនិយាយថា៖ ឪពុករបស់ខ្ញុំបានរៀបការខ្ញុំជាមួយជីដូនមួយរបស់ខ្ញុំដើម្បីលើកកិត្តិយសរបស់គាត់ ហើយ ខ្ញុំត្រូវបង្ខំអោយរៀបការ។ ព្យាការីមូហាំម៉ាត់ (សូមសន្តិភាពកើតមានចំពោះគាត់)បានផ្ញើកាដូទៅកាន់ឪពុករបស់នាង ហើយអត្ថន័យនៅក្នុងកាដូនោះគឺ៖ ចូរផ្តល់សិទ្ធិអោយកូនស្រីជ្រើសរើស(គូស្រករ) ក្នុងការរៀបអាពាហ៍ពិពាហ៍ ឬទុកជាមោឃៈនូវការរៀបអាពាហ៍ពិពាហ៍។ នាងបានតបថា៖ ឱអ្នកនាំសាររបស់អល់ឡោះ! ខ្ញុំបានទទួលនូវអ្វី(អាពាហ៍ពិពាហ៍)ដែលឪពុករបស់ខ្ញុំបានធ្វើ ប៉ុន្តែខ្ញុំចង់បង្ហាញប្រាប់ទៅស្ត្រីដទៃទៀត (ថាពួកនាងនឹងមិនត្រូវបង្ខំអោយរៀបអាពាហ៍ពិពាហ៍ឡើយ)។

៤. ភាពស្មើគ្នាដ៏ពិសេសចំំពោះលក្ខណៈផ្សេងគ្នានៃប្រព័ន្ធដំណើរការរបស់សារពាង្គកាយ

ជាទូទៅបុរស និងស្ត្រីទទួលបានសិទ្ធិស្មើគ្នា ប៉ុន្តែលក្ខណៈពិសេសនៃសិទ្ធិ និងទំនួលខុសត្រូវទាំងនោះមិនដូចគ្នាទេ។ យោងតាមច្បាប់សាសនាអ៊ីស្លាម បុរស និងស្ត្រីមានការបំពេញបន្ថែមសិទ្ធិ និងទំនួលខុសត្រូវចំពោះគ្នាទៅវិញទៅមកដើម្បីទទួលបាននូវសមភាព។ ក្រៅពីលក្ខណៈខុសគ្នារវាងផ្នែកខាងក្នុង និងខាងក្រៅនៃកាយវិភាគ (Anatomical) អ្នកវិទ្យាសាស្ត្របានអោយដឹងថា៖ មានលក្ខណៈខុសគ្នារវាងបុរស និង ស្ត្រីនូវភាពប៉ិនប្រសប់របស់ខួរក្បាលអំពីដំណើរការបកស្រាយភាសាព័ត៌មាន និងអារម្មណ៍។

លោក Edward O. Wilson ជាអ្នកជំនាញផ្នែកជីវវិទ្យានៃសាកលវិទ្យាល័យ ហាវ៉ើត(Harvard University) បាននិយាយថា មនុស្សស្រីមានភាពប៉ិនប្រសប់ជាងបុរសក្នុងជំនាញវោហារសព្ទ ការស្វែងយល់ពីរអារម្មណ៍អ្នកដទៃ និងសង្គមទូទៅ ខណៈពេលដែលបុរសមានភាពប៉ិនប្រសប់ជាងលើជំនាញឯករាជ្យភាព(ទំនួលខុសត្រូវលើខ្លួនឯង) ការពង្រីកឥទ្ធិពលនៃអំនាច ជំនាញគណិតវិទ្យា ការឈ្លានពាន និងលក្ខណៈដទៃទៀតជាច្រើន។ លក្ខណៈបំពេញបន្ថែមទៅវិញទៅមកទាំងនេះធ្វើអោយមានសមភាពរវាងបុរស និងស្ត្រី ដូចដែលអុលឡោះបានមានព្រះបន្ទូលថា៖

 {وَلَيْسَ الذَّكَرُ كَالْأُنْثَى} [آل عمران: 36] أَلَا يَعْلَمُ مَنْ خَلَقَ وَهُوَ اللَّطِيفُ الْخَبِيرُ} [الملك: 14] 

មានន័យថា៖ ❝ ហើយកូនប្រុសមិនដូចកូនស្រីឡើយ។ (៣:៣៦) តើម្ចាស់ដែលបានបង្កើត(អ្វីៗទាំងអស់) មិនបានដឹងទេឬ? ហើយទ្រង់គឺជាអ្នកដែលទន់ភ្លន់ ដឹងជ្រូតជ្រាបបំផុត។ ❞ (៦៧:១៤)

៥. សិទ្ធិស្មើគ្នាក្នុងគ្រួសារ

អុលឡោះបានបង្កើតបុរស និងស្ត្រីមានលក្ខណៈពិសេសខុសគ្នា ជាមួយនឹងតួនាទី ជំនាញ និងទំនួលខុសត្រូវតែមួយ។ ភាពខុសគ្នាទាំងនេះមិនមែនជាភស្តុតាងបង្ហាញពីភាពល្អប្រសើរ ឬអន់ថយរវាងបុរស និងស្ត្រីនោះឡើយ ប៉ុន្តែវាជាលក្ខណៈពិសេសដ៏អាថ៌កំបាំង ហើយមានចែងជាច្រើនកន្លែងនៅក្នុងគម្ពីរគួរអាន។

សាសនាអ៊ីស្លាម បានបែងចែកតួនាទីក្នុងគ្រួសារស្មើគ្នារវាងប្តី និងប្រពន្ធ។ ប្តីមានទំនួលខុសលើការផ្គត់ផ្គង់ក្រុមគ្រួសារ ខណៈពេលដែលប្រពន្ធមានតួនាទីចិញ្ចឹមបីបាច់ អប់រំ កូនចៅ។ ការជំរុញបែបនេះ ធ្វើអោយក្រុមគ្រួសារចេះសហការគ្នាទៅវិញទៅមកជាងការយកឈ្នះចាញ់គ្នារវាងប្តីប្រពន្ធ។ លក្ខណៈបំពេញបន្ថែមនូវទំនួលខុសត្រូវទៅវិញទៅមកនេះនឹងបង្កើតជាគ្រួសារ និងសង្គមដ៏រឹងមាំមួយ។ អុលឡោះបានមានព្រះបន្ទូលថា៖ 

هُنَّ لِبَاسٌ لَكُمْ وَأَنْتُمْ لِبَاسٌ لَهُنَّ 

មានន័យថា៖ ❝ ពួកនាង(ប្រពន្ធ)គឺជាសំលៀកបំពាក់សម្រាប់ពួកអ្នក ហើយពួកអ្នក(ប្តី)គឺជាសំលៀកបំពាក់សម្រាប់ពួកនាង។ ❞ (២:១៨៧)

ជាទូទៅសំលៀកបំពាក់ផ្តល់ភាពស្រស់ថ្លា កក់ក្តៅ សុវត្ថិភាពហើយវាធ្វើអោយមនុស្សម្នាក់កាន់តែស្រស់ស្អាត ដូច្នេះហើយទើបសាសនាអ៊ីស្លាមបានប្រៀបធៀបសំលៀលបំពាក់ ទៅនឹងទំនាក់ទំនងរវាងប្តីប្រពន្ធ។

៦. សេចក្តីស្រលាញ់ និងក្តីមេត្តាក្នុងទំនាក់ទំនងប្តីប្រពន្ធ

ព្យាការីម៉ូហាំម៉ាត់ជំរុញអោយបុរសគ្រប់រូបធ្វើល្អ ចំពោះភរិយារបស់ខ្លួន លោកបានមានប្រសាសន៍ថា៖ 

أكمل المؤمنين إيماناً أحسنهم خلقاً، وخياركم خياركم لنسائهم

មានន័យថា៖ ❝ អ្នកមានជំនឿដែលពេញលេញជាងគេ គឺជាអ្នកដែលមានក្រមសីលធម៌ល្អជាងគេ ហើយអ្នកដែលល្អប្រសើរជាងគេក្នុងចំណោមពួកអ្នក គឺអ្នកដែលធ្វើល្អចំពោះភរិយារបស់ខ្លួនខ្លាំងជាងគេ។ ❞

الدُّنْيَا مَتَاعٌ وَخَيْرُ مَتَاعِ الدُّنْيَا الْمَرْأَةُ الصَّالِحَةُ

មានន័យថា៖ ❝ លោកីយ៍គឺជាទ្រព្យ ហើយទ្រព្យដែលល្អប្រសើរបំផុតនៅក្នុងលោកីយ៍នេះគឺ ស្ត្រីគ្រប់លក្ខណ៍។ ❞

 لا يفرك مؤمن مؤمنة إن كره منها خلقا رضي منها آخر

មានន័យថា៖ ❝ ចូរបុរសមានជំនឿកុំស្អប់ស្ត្រីមានជំនឿ បើសិនគេស្អប់ចរិតណាមួយរបស់នាង គឺគេច្បាស់ជាពេញចិត្តនឹងចរឹតផ្សេងទៀតរបស់នាង។ ❞ លើសពីនេះព្យាការីម៉ូហាំម៉ាត់បានសុំបួងសួងទៅចំពោះអុលឡោះថា៖

 اللهم إني أحرج حق الضعيفين اليتيم والمرأة 

មានន័យថា៖ ❝ ឱអុលឡោះជាម្ចាស់! ខ្ញុំរឹតបន្តឹងទៅលើមនុស្សទាំងឡាយ មិនអោយរំលោភសិទ្ធិមនុស្សទន់ខ្សោយពីរប្រភេទគឺ កូនកំព្រា និងស្ត្រីភេទ។ ❞

មានគេសួរលោកស្រីអាអ៊ីស្ហះថា៖ តើព្យាការីម៉ូហាំម៉ាត់(សូមសន្តិភាពកើតមានចំពោះគាត់) រស់នៅក្នុងផ្ទះយ៉ាងដូចម្តេច? លោកស្រីបានប្រាប់គេថា៖ គាត់ដូចជាបុរសសាមញ្ញដទៃទៀតដែរ គាត់បោសសម្អាតផ្ទះ ប៉ះខោអាវ ដេរស្បែកជើង ឱ្យទឹកសត្វអូដ្ឋ រឹតទឹកដោះពពែ ជួយធ្វើការអ្នកបម្រើ បរិភោគចំណីអាហារជាមួយពួកគេ ហើយគាត់ទៅផ្សារទិញអ្វីដែលពួកយើងត្រូវការ។

៧.ការលើកកម្ពស់តួនាទីម្តាយ និងកូនស្រី

ម្តាយមានតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ក្តីស្រលាញ់ដល់កូនៗ ជាពិសេសពេលពួកគេស្ថិតក្នុងវ័យកំពុងលូតលាស់។ 

អុលឡោះបានមានព្រះបន្ទូលថា៖ 

وَوَصَّيْنَا الْإِنْسَانَ بِوَالِدَيْهِ إِحْسَانًا ۖ حَمَلَتْهُ أُمُّهُ كُرْهًا وَوَضَعَتْهُ كُرْهًا ۖ

មានន័យថា៖ ❝ ហើយយើងបានណែនាំមនុស្សលោកអោយធ្វើល្អចំពោះឪពុកម្តាយរបស់គេ។ ម្តាយរបស់គេបានពពោះគេដោយលំបាក និងបានប្រសូតគេដោយលំបាកបំផុត។ ❞ (៤៦:១៥)

អាហ្ពីហ៊ូរ៉ៃរ៉ោះបានបញ្ជាក់ថា៖ មានបុរសម្នាក់បានចូលសំដែងការគួរសមចំពោះព្យាការីម៉ូហាំម៉ាត់ (សូមសន្តិភាពកើតមានចំពោះគាត់) រួចលោកសួរថា៖ ឱអ្នកនាំសាររបស់អុលឡោះ តើមនុស្សណាខ្លះដែលខ្ញុំត្រូវធ្វើល្អចំពោះនោះ? លោកបានឆ្លើយថា៖ គឺម្តាយរបស់អ្នក បុរសនោះសួរបន្តទៀតថា៖ បន្ទាប់មកនរណាទៀត? លោកបានឆ្លើយថា៖ គឺម្តាយរបស់អ្នក បុរសនោះសួរបន្តទៀតថា៖ បន្ទាប់មកនរណាទៀត? លោកបានឆ្លើយថា៖ គឺម្តាយរបស់អ្នក បុរសនោះសួរបន្ថែមទៀតថា៖ បន្ទាប់មកនរណាទៀត? លោកបានឆ្លើយថា៖ គឺឪពុករបស់អ្នក។

ក្នុងសាសនាអ៊ីស្លាម  ផលបុណ្យមិនត្រឹមតែទទួលបានពីការធ្វើល្អចំពោះម្តាយប៉ុណ្ណោះទេ      ជាក់ស្តែងការធ្វើល្អចំពោះកូនស្រីគឺជាការទទួលបានផលបុណ្យយ៉ាងធំធេង ពីអុលឡោះផងដែរ ព្យាការីម៉ូហាំម៉ាត់បានមានប្រសាសន៍ថា៖ នរណាចិញ្ចឹមកូនស្រីបីនាក់ ហើយគេចំណាយលុយទៅលើពួកនាង អាណិតស្រលាញ់ពួកនាង បង្រៀនអប់រំពួកនាងឱ្យមានសុជីវធម៌ល្អ គឺអល់ឡោះនឹងអោយគេចូលឋានសួគ៌។ មានគេសួរថា៖ ចុះបើពីរនាក់? គាត់បានឆ្លើយថា៖ ទោះជាពីរនាក់ក៏ដោយ។

ការសន្និដ្ឋាន

មុនពេលសាសនាអ៊ីស្លាមមកដល់ ស្រ្តីត្រូវគេចាត់ទុកថាមិនល្អ ហើយក្មេងស្រីកើតមកត្រូវគេកប់ទាំងរស់ ការចាប់រំលោភ ការលែងលះស្ថិតនៅលើការសម្រេចចិត្តរបស់ប្តី ការគាបសង្កត់លើស្ត្រីបានរាលដាលពាសពេញពិភពលោក។ ពេលសាសនាអ៊ីស្លាមបានមកដល់ វប្បធម៌ទាំងអស់នេះត្រូវលុបបំបាត់។ សូម្បីតែក្នុងបច្ចុប្បន្ននេះក៏នៅតែមានប្រទេសអភិវឌ្ឍមួយចំនួនមិនទាន់ផ្តល់ការគោរពសិទ្ធិស្ត្រី និងកិត្តិយសពេញលេញនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ សាសនាអ៊ីស្លាមបានយកចិត្តទុកដាក់និងលើកកម្ពស់កិត្តិយស តម្លៃ ការគោរព ជាទីគាប់ចិត្តសម្រាប់ស្ត្រីគ្រប់រូប។ 

ការមិនគោរពសិទ្ធិស្ត្រីមូស្លីមនៅតំបន់មជ្ឈឹមបូព៌ា និងគ្រួសារមូស្លីមមួយចំនួន ដែលមូលហេតុបណ្តាលមកពីកត្តាវប្បធម៌ និង ទំនៀមទំលាប់ដែលជាការប្រតិបត្តខុសពីមាគ៌ាត្រឹមត្រូវរបស់សាសនាអ៊ីស្លាម និយាយជារួម វាជាកំហុសបុគ្គលផ្ទាល់តែម្តង។

សំនួរសួរថា៖ ហេតុអ្វីបានជាស្រ្តីនៅជុំវិញពិភពលោកជាច្រើនមានឆន្ទៈដ៏មុះមុតចង់ចូលសាសនាអ៊ីស្លាម ប្រសិនបើវាជាសាសនាគាបសង្កត់ទៅលើស្ត្រី? ខ្ញុំសូមបញ្ចប់ដោយពាក្យអរគុណទៅចំពោះអុលឡោះ ដែលទ្រង់តែមួយគត់ជាអ្នកបង្កើតអ្វីៗទាំងអស់ និងជាអ្នកគាំពារលើបុរស និងស្ត្រីទាំងអស់។ អុលឡោះបានមានព្រះបន្ទូលថា៖

 إِنَّ الْمُسْلِمِينَ وَالْمُسْلِمَاتِ وَالْمُؤْمِنِينَ وَالْمُؤْمِنَاتِ وَالْقَانِتِينَ وَالْقَانِتَاتِ وَالصَّادِقِينَ وَالصَّادِقَاتِ وَالصَّابِرِينَ وَالصَّابِرَاتِ وَالْخَاشِعِينَ وَالْخَاشِعَاتِ وَالْمُتَصَدِّقِينَ وَالْمُتَصَدِّقَاتِ وَالصَّائِمِينَ وَالصَّائِمَاتِ وَالْحَافِظِينَ فُرُوجَهُمْ وَالْحَافِظَاتِ وَالذَّاكِرِينَ اللَّهَ كَثِيرًا وَالذَّاكِرَاتِ أَعَدَّ اللَّهُ لَهُمْ مَغْفِرَةً وَأَجْرًا عَظِيمًا 

មានន័យថា៖ ❝ ពិតប្រាកដណាស់បណ្តាមូស្លីមប្រុសស្រី និងបណ្តាអ្នកមានជំនឿប្រុសស្រី និងបណ្តាអ្នកគោរពប្រតិបត្តិប្រុសស្រី និងបណ្តាអ្នកសច្ចៈប្រុសស្រី និងបណ្តាអ្នកអត់ធ្មត់ប្រុសស្រី និងបណ្តាអ្នកឱនលំទោនប្រុសស្រី និងបណ្តាអ្នកបរិច្ចាគទានប្រុសស្រី និងបណ្តាអ្នកបួសប្រុសស្រី និងបណ្តាអ្នកដែលរក្សាកេរ្តិ៍របស់ពួកគេទាំងប្រុសទាំងស្រី ហើយនិងបណ្តាអ្នកដែលរំលឹកចំពោះអុលឡោះយ៉ាងច្រើនទាំងប្រុសទាំងស្រី អុលឡោះបានរៀបចំសម្រាប់ពួកគេនូវការអភ័យទោស និងផលបុណ្យដ៏ធំធេង(ឋានសួគ៌)។ ❞

About the author

iCenter
សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment