សំណួរចម្លើយអំពី គោលជំនឿ | Islamic Question and Answer about faith

សំនួរទី១ ៖

តើយើងយកគោលជំនឿរបស់យើងមកពីណា ?

ចំលើយ ៖ យកមកពីគម្ពីរអាល់គួរអាន និង ស៊ុណ្ណះ ។

សំនួរទី២ ៖ 

តើអល់ឡោះនៅឯណា ?

ចំលើយ ៖ នៅលើមេឃ នៅលើបល្ល័ង្ក(អារ៉ស្ហ​) ។

សំនួរទី៣ ៖

តើឯណាទៅភស្តុតាងពីគម្ពីរអាល់គួរអានដែលបញ្ជក់ថា អល់ឡោះនៅលើបល្ល័ង្ក(អារ៉ស្ហ)នោះ ?

ចំលើយ ៖ អល់ឡោះបានមានព្រះបន្ទូលនៅក្នុងជំពូក តហា ឃ្លាទី៥ ថា ៖ 

(ﺍﻟﺮﺣﻤﻦ ﻋﻠﻰ ﺍﻟﻌﺮﺵ ﺍﺳﺘﻮى)

❝ ម្ចាស់មហាសប្បុរសបាននៅលើបល្ល័ង្ក(អារ៉ស្ហ) ។ ❞ 

សំនួរទី៤ ៖

តើពាក្យថា "អ៊ីស្តាវ៉ា" មានន័យដូចម្តេច ?

ចំលើយ ៖ មានន័យថា បានឡើងលើ បាននៅលើ ។

សំនួរទី៥ ៖

តើអល់ឡោះបានបង្កើតជិន និងមនុស្សលោកមកដើម្បីអ្វី ?

ចំលើយ ៖ គឺដើម្បីតែគោរពសក្ការៈចំពោះទ្រង់តែមួយគត់ដោយគ្មានការបង្កើតដៃគូ(ស្ហីរិក)នឹងទ្រង់ឡើយ ។

សំនួរទី៦ ៖ 

តើឯណាទៅភស្តុតាងពីគម្ពីរអាល់គួរអានដែលបញ្ជាក់ថា អល់ឡោះបានបង្កើតជិន និងមនុស្សលោកមកដើម្បីតែគោរពសក្ការៈចំពោះទ្រង់ ?

ចំលើយ ៖ អល់ឡោះបានមានព្រះបន្ទូលថា ៖ ❝ យើងមិនបានបង្កើតជិន និងមនុស្សលោកដើម្បីអ្វីក្រៅពីដើម្បីអោយពួកគេគោរពសក្ការៈមកចំពោះយើងឡើយ) ។ ❞ 

សំនួរទី៧ ៖ 

តើពាក្យថា "យ៉ាក់ប៊ូឌូន" មានន័យដូចម្តេច ?

ចំលើយ ៖ មានន័យថា គឺពួកគេត្រូវគោរពសក្ការៈចំពោះអល់ឡោះតែមួយព្រះអង្គគត់ ។

សំនួរទី៨ ៖

តើពាក្យថា "ឡើអ៊ីឡើហា អ៊ិលលុលឡោះ" មានន័យដូចម្តេច ?

ចំលើយ ៖ មានន័យថា គឺគ្មានម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតពិតប្រាកដក្រៅពីអល់ឡោះឡើយ ។

សំនួរទី៩ ៖ 

តើការគោរពសក្ការៈណាមួយដែលចំបងជាងគេ ?

ចំលើយ ៖ គឺតៅហេត(ការគោរពសក្ការៈចំពោះអល់ឡោះតែមួយព្រះអង្គគត់) ។

សំនួរទី១០ ៖ 

តើអំពើបាបណាមួយដែលចំបងជាងគេ ?

ចំលើយ ៖ គឺស្ហីរិក(ការគោរពចំពោះអល់ឡោះរួមជាមួយវត្ថុ ឬអ្នកផ្សេងក្រៅពីអល់ឡោះ) ។

សំនួរទី១១ ៖ 

តើអ្វីទៅជាតៅហេត ?

ចំលើយ ៖ គឺឯកទេពចំពោះអល់ឡោះដោយការគោរពសក្ការៈ ។

សំនួរទី១២ ៖ 

តើអ្វីទៅជាស្ហីរិក ?

ចំលើយ ៖ គឺការគោរពចំពោះវត្ថុ ឬអ្នកផ្សេងក្រៅពីអល់ឡោះរួមជាមួយអល់ឡោះ ។

សំនួរទី១៣ ៖ 

តើតៅហេតមានប៉ុន្មានផ្នែក ?

ចំលើយ ៖ មានបីផ្នែក ។

សំនួរទី១៤ ៖ 

តើផ្នែកតៅហេតទាំងនោះមានអ្វីខ្លះ ?

ចំលើយ ៖

១- រូប៊ូប៊ីយ៉ាស់ 

២-អ៊ូលូហ៊ីយ៉ាស់ 

៣-អាស្មាក និង ស៊ីហ្វាត ។

សំនួរទី១៥ ៖ 

តើអ្វីទៅជានិយមន័យនៃតៅហេតរូប៊ូប៊ីយ៉ាស់ ?

ចំលើយ ៖ គឺឯកទេពចំពោះអល់ឡោះក្នុងរឿងសកម្មភាពរបស់ទ្រង់។ ដូចជា ៖ ការបង្កើត ការផ្តល់ជីវភាព ។ល។

សំនួរទី១៦ ៖ 

តើអ្វីទៅជានិយមន័យនៃតៅហេតអ៊ូលូហ៊ីយ៉ាស់ ?

ចំលើយ ៖ គឺឯកទេពចំពោះអល់ឡោះក្នុងរឿងសកម្មភាពរបស់បណ្តាខ្ញុំបំរើរបស់អល់ឡោះ។ ដូចជា ៖ ការសុំបួងសួង ការសំឡេះ ការលុតក្រាបទៅនឹងដី ។

សំនួរទី១៧ ៖ 

តើអល់ឡោះមានបណ្តាឈ្មោះ និងលក្ខណៈសម្បតិ្តដែរឬទេ ?

ចំលើយ ៖ បាទមាន ។

សំនួរទី១៨ ៖ 

តើយើងយកបណ្តាឈ្មោះ និងលក្ខណៈសម្បតិ្តរបស់អល់ឡោះមកពីណា ?

ចំលើយ ៖ យកមកពីគម្ពីរអាល់គួរអាន និង ស៊ុណ្ណះ ។

សំនួរទី១៩ ៖

តើលក្ខណៈសម្បតិ្តរបស់អល់ឡោះដូចលក្ខណៈសម្បតតរបស់យើងដែរឬទេ ?

ចំលើយ ៖ គឺមិនដូចទេ ។

សំនួរទី២០ ៖ 

តើឯណាទៅភស្តុតាងពីគម្ពីរអាល់គួរអានដែលបញ្ជាក់ថា លក្ខណៈសម្បតិ្តរបស់អល់ឡោះមិនដូចទៅនឹងលក្ខណៈសម្បត្តិរបស់យើងនោះ ?

ចំលើយ ៖ អល់ឡោះបានមានព្រះបន្ទូលថា ៖ ❝ គ្មានអ្វីមួយដូចនឹងទ្រង់ទេ គឺទ្រង់ជាព្រះជាម្ចាស់មហាស្តាប់លឺ មហាមើលឃើញ) ។ ❞ 

សំនួរទី២១ ៖ 

តើគម្ពីរអាល់គួរអានជាពាក្យសំដីរបស់អ្នកណា ?

ចំលើយ ៖ ជាពាក្យសំដីរបស់អល់ឡោះ ។

សំនួរទី២២ ៖ 

ជាគម្ពីរត្រូវបានបញ្ចុះ ឬជាម៉ាក្លូក(ត្រូវគេបង្កើត) ?

ចំលើយ ៖ គឺជាគម្ពីរត្រូវបានបញ្ចុះ វាជាពាក្យសំដីរបស់អល់ឡោះទាំងតួអក្សរ និងសំលេង ។

សំនួរទី២៣ ៖ 

តើអ្វីទៅជាការប្រោស ?

ចំលើយ ៖ គឺជាការប្រោសមនុស្សលោកអោយរស់ឡើងវិញបន្ទាប់ពីស្លាប់ ។

សំនួរទី២៤ ៖ 

តើឯណាទៅភស្តុតាងពីគម្ពីរអាល់គួរអានដែលបញ្ជាក់ថា អ្នកដែលបានបដិសេធនៃការប្រោសបានក្លាយជាជនកាហ្វៀរ(ជនគ្មានជំនឿលើអល់ឡោះ) ?

ចំលើយ ៖ អល់ឡោះបានមានបន្ទូលថា ៖ ❝ ពួកអ្នកដែលគ្មានជំនឿបានអះអាងថាពួកគេនឹងមិនត្រូវបានគេប្រោសអោយរស់ឡើងវិញសោះឡើយ) ។ ❞ 

សំនួរទី២៥ ៖ 

តើឯណាទៅភស្តុតាងពីគម្ពីរអាល់គួរអានដែលបញ្ជាក់ថា អល់ឡោះពិតជានឹងប្រោសពួកយើងអោយរស់ឡើងវិញនោះ ?

ចំលើយ ៖ អល់ឡោះបានមានបន្ទូលថា ៖ ❝ ឱមូហាំម៉ាត់! ចូរអ្នកនិយាយប្រាប់ពួកគេចុះថា ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំសូមសច្ចានឹងម្ចាស់របស់ខ្ញុំចុះថា ពួកអ្នកប្រាកដជានឹងត្រូវគេប្រោសអោយរស់ឡើងវិញជាក់ជាពុំខានឡើយ) ។ ❞ 

សំនួរទី២៦ ៖ 

តើរូកុន(សសរស្តម្ភ)ឥស្លាមមានប៉ុន្មាន ?

ចំលើយ ៖ មានប្រាំ ។

សំនួរទី២៧ ៖ 

តើរូកុន(សសរស្តម្ភ)អ៉ីម៉ាន់មានប៉ុន្មាន ?

ចំលើយ ៖ មានប្រាំមួយ ។

សំនួរទី២៨ ៖

តើរូកុន(សសរស្តម្ភ)អៀសសានមានប៉ុន្មាន ?

ចំលើយ ៖ មានមួយ។

សំនួរទី២៩ ៖

តើអ្វីទៅជានិយមន័យឥស្លាម ?

ចំលើយ ៖ គឺការចុះចូលចំពោះអល់ឡោះជាម្ចាស់ដោយការគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងការគោរពប្រតិបត្តិតាមទ្រង់ ចៀសវាងពី​ស្ហីរិក(ការគោរពសក្ការៈអល់ឡោះរួមជាមួយវត្ថុ ឬអ្នកផ្សេងក្រៅពីទ្រង់) និងបក្សពួកនៃស៊ីរិក ។

សំនួរទី៣០ ៖ 

តើអ្វីទៅជានិយមន័យអ៉ីម៉ាន់ ?

ចំលើយ ៖ គឺត្រូវជឿចំពោះអល់ឡោះ ត្រូវជឿចំពោះបណ្តាម៉ាឡៃកាត់របស់ទ្រង់ ត្រូវជឿចំពោះបណ្តាគម្ពីររបស់ទ្រង់ ត្រូវជឿចំពោះបណ្តារ៉សូល(អ្នកនាំសារ)របស់ទ្រង់ ត្រូវជឿចំពោះថ្ងៃបរលោក ហើយត្រូវជឿចំពោះការកំណត់វាសនាល្អឬអាក្រក់របស់ទ្រង់។

ហើយអ៉ីម៉ាន់(ជំនឿ)នោះទៀត គឺជាការជឿជាក់ក្នុងចិត្ត ការពោលនឹងអណ្តាត ប្រតិបត្តិដោយកាយវិការ អ៉ីម៉ាន់(ជំនឿ)វាកើនឡើងដោយការគោរពធ្វើតាម និងថយចុះដោយការប្រព្រឹត្តបទល្មើស ។

សំនួរទី៣១ ៖

តើយើងសំឡេះសត្វនិងលុតក្រាបទៅនឹងដីសំរាប់អ្នកណា ?

ចំលើយ ៖ សំរាប់អល់ឡោះតែមួយគត់ដោយគ្មាស្ហីរិកនឹងទ្រង់ឡើយ ។

សំនួរទី៣២ ៖

តើគេអនុញ្ញាតអោយសំឡេះសត្វ និងលុតក្រាបទៅនឹងដីសំរាប់អ្វីផ្សេងក្រៅពីអល់ឡោះបានដែរឬទេ ?

ចំលើយ ៖ ទេ គេមិនអនុញ្ញាតទេ ។

សំនួរទី៣៣ ៖

តើអ្វីទៅជាច្បាប់នៃការសំឡេះសត្វ និងលុតក្រាបទៅនឹងដីសំរាប់អ្វីផ្សេងក្រៅពីអល់ឡោះនោះ ?

ចំលើយ ៖ គឺជាស្ហីរិកធំ ៕










About the author

iCenter
សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment