កម្រងសំណួរខ្លីៗទាក់ទងនឹងជីវប្រវត្តិរបស់ព្យាការីមូហាំម៉ាត់

ផ្នែកជីវប្រវត្តិរបស់ព្យាការីមូហាំម៉ាត់

សំណួរទី១ ចូររៀបរាប់ពីពូជពង្សរបស់ព្យាការីមូហាំម៉ាត់។

ចម្លើយ ពូជពង្សរបស់ព្យាការីមូហាំម៉ាត់គឺ ៖ មូហាំម៉ាត់ ជាកូនរបស់ អាប់ទុលឡោះ ត្រូវជាចៅរបស់ អាប់ទុលមូតល់ឡឹប និងត្រូវជាចៅទួតរបស់ ហាស្ហឹម។ ហើយហាស្ហឹម គឺចេញមកពីអម្បូរគូរ៉័ស្ហ ហើយអម្បូរគូរ៉័ស្ហ គឺចេញមកពីជនជាតិអារ៉ាប់។ រីឯជនជាតិអារ៉ាប់វិញ គឺចេញមកពីពូជពង្សរបស់ព្យាការីអ៊ីស្មាអែល កូនប្រុសរបស់ ព្យាការីអ៊ីព្រហ៊ីម។

សំណួរទី២ តើម្តាយរបស់ព្យាការីមូហាំម៉ាត់ មានឈ្មោះអ្វី?

ចម្លើយ ម្តាយរបស់ព្យាការីមូហាំម៉ាត់ឈ្មោះ អាមីណះ កូនស្រីរបស់ វ៉ាហាប់។

សំណួរទី៣ តើឪពុករបស់ព្យាការីមូហាំម៉ាត់ទទួលមរណភាពនៅពេលណា?

ចម្លើយ ឪពុករបស់ព្យាការីមូហាំម៉ាត់ទទួលមរណភាពនៅឯក្រុងម៉ាទីណះ ខណៈដែលម្តាយលោកពពោះលោក ដោយលោកពុំទាន់ប្រសូត្រនៅឡើយទេ។

សំណួរទី៤ តើព្យាការីមូហាំម៉ាត់ ប្រសូត្រនៅពេលណា?

ចម្លើយ ព្យាការីមូហាំម៉ាត់ ប្រសូត្រនៅក្នុងឆ្នាំដំរី នាថ្ងៃច័ន្ទនៃខែរ៉ពីអ៊ុលអាវ៉ាល់(ខែទី៣នៃប្រតិទិនអ៊ីស្លាម)។

សំណួរទី៥ តើព្យាការីមូហាំម៉ាត់ ប្រសូត្រនៅឯណា?

ចម្លើយ ព្យាការីមូហាំម៉ាត់ ប្រសូត្រនៅក្នុងទីក្រុងម៉ាក្កះ(ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបច្ចុប្បន្ន)។

ចំពោះថ្ងៃកំណើតជាក់លាក់របស់ព្យាការីមូហាំម៉ាត់ ថាតើលោកប្រសូត្រនៅថ្ងៃទីប៉ុន្មាន នៃខែរ៉ពីអុលអាវ៉ាល់ សាសនវិទូឥស្លាម មានការខ្វែងយោបល់គ្នាជាច្រើនទស្សនៈ ៖

  • ទស្សនៈទី1 ថ្ងៃទី12 កើត ខែរ៉ពីអ៊ុលអាវវ៉ាល់។
  • ទស្សនៈទី2៖ ថ្ងៃទី 9 កើត ខែរ៉ពីអ៊ុលអាវវ៉ាល់។
  • ទស្សនៈទី3៖ ថ្ងៃទី 8 កើត ខែរ៉ពីអ៊ុលអាវវ៉ាល់។
  • ទស្សនៈទី4៖ ថ្ងៃទី10 កើត ខែរ៉ពីអ៊ុលអាវវ៉ាល់។
សំណួរទី៦ ក្រៅពីម្តាយរបស់លោក តើអ្នកណាខ្លះដែលជាអ្នកបំបៅលោក?

ចម្លើយ ក្រៅពីម្តាយរបស់លោក អ្នកដែលបំបៅលោក(មេដោះ)មានដូចជា ៖

  • អ្នកបម្រើរបស់ឪពុករបស់លោក គឺលោកស្រី អ៊ុមមូ អៃម៉ាន់
  • អ្នកបម្រើរបស់ឪពុកមារបស់លោកឈ្មោះអាពូឡាហាប់ គឺលោកស្រី ស៊ូវ៉ៃហ្ពះ។
  • លោកស្រី ហាលីម៉ះ អាស្សាក់ទីយ៉ះ។
សំណួរទី៧ តើម្តាយរបស់ព្យាការីមូហាំម៉ាត់ទទួលមរណភាពនៅពេលណា?

ចម្លើយ ម្តាយរបស់ព្យាការីមូហាំម៉ាត់បានទទួលមរណភាពនៅពេលដែលលោកទើបតែមានអាយុប្រាំមួយឆ្នាំប៉ុណ្ណោះ ហើយអ្នកដែលគ្រប់គ្រង មើលថែលោកបន្ត គឺជីតារបស់លោកឈ្មោះ អាប់ទុលមូតល់ឡឹប។

សំណួរទី៨ តើអ្នកណាជាអុ្នកដែលមើលថែរក្សាព្យាការីមូហាំម៉ាត់ បន្ទាប់ពីជីតារបស់លោក គឺអាប់ទុលមូតល់ឡឹប ទទួលមរណភាព?

ចម្លើយ ជីតារបស់ព្យាការីមូហាំម៉ាត់ គឺអាប់ទុលមូតល់ឡឹប បានទទួលមរណភាពក្នុងពេលដែលព្យាការីលោកទើបតែមានអាយុប្រាំបីឆ្នាំប៉ុណ្ណោះ ហើយអ្នកដែលមើលថែរក្សាលោកបន្ត គឺឪពុកមារបស់លោកឈ្មោះ អាពូត៏ឡឹប។

សំណួរទី៩ តើលោកធ្វើដំណើរទៅកាន់ទឹកដីស្ហាម(ប្រទេសស៊ីរី)ជាមួយឪពុកមារបស់លោកនៅពេលណា?

ចម្លើយ លោកធ្វើដំណើរទៅកាន់ទឹកដីស្ហាម(ប្រទេសស៊ីរី)ជាមួយឪពុកមារបស់លោកនៅពេលដែលលោកមានអាយុ១២ឆ្នាំ។

សំណួរទី១០ ចុះការធ្វើដំណើរទៅកាន់ទឹកដីស្ហាមជាលើកទីពីររបស់លោក តើនៅពេលណាដែរ?

ចម្លើយ ការធ្វើដំណើរជាលើកទីពីររបស់លោកទៅកាន់ទឹកដីស្ហាម គឺក្នុងការធ្វើជំនួញរបស់លោកឲ្យលោកស្រី ខទីហ្ជះ។ នៅពេលដែលលោកវិលត្រឡប់មកវិញ លោកក៏បានរៀបការជាមួយនឹងលោកស្រី ខទីហ្ជះ ដែលនៅពេលនោះ លោកមានអាយុ២៥ឆ្នាំ។

សំណួរទី១១ តើពួកគូរ៉័ស្ហបានសាងសង់កាក់ហ្ពះឡើងវិញនៅពេលណា?

ចម្លើយ ពួកគូរ៉័ស្ហបានសាងសង់កាក់ហ្ពះឡើងវិញនៅពេលដែលព្យាការីមូហាំម៉ាត់មានអាយុ៣៥ឆ្នាំ។ លោកបានកាត់ក្តីឲ្យពួកគូរ៉័ស្ហនៅពេលដែលពួកគេមានការខ្វែងយោបល់គ្នា ថាតើអ្នកណាដែលស័ក្តិសមនឹងយកហាជើរុលអាសវ៉ាត់(ថ្មខ្មៅនៅជាប់កាក់ហ្ពះ)ទៅដាក់នៅកន្លែងដើមវិញ។ ពេលនោះ លោកបានយកថ្មនោះដាក់លើក្រណាត់មួយផ្ទាំង ហើយលោកបានប្រើឲ្យកុលសម្ព័ន្ធនីមួយៗកាន់ជាយក្រណាត់នោះ ដែលនៅពេលនោះ គឺមានបួនកុលសម្ព័ន្ធ។ នៅពេលដែលពួកគេបានលើកវាទៅដល់កន្លែងដើមរបស់វាវិញហើយនោះ ព្យាការីមូហាំម៉ាត់ក៏បានលើកថ្មនោះដោយផ្ទាល់ដៃរបស់លោកដាក់នៅកន្លែងដើមរបស់វាវិញ។

សំណួរទី១២ នៅពេលដែលព្យាការីមូហាំម៉ាត់ត្រូវបានអល់ឡោះតែងតាំងជាអ្នកនាំសារ តើនៅពេលនោះ លោកមានអាយុប៉ុន្មាន? តើលោកត្រូវបានគេតែងតាំងជាអ្នកនាំសារទៅកាន់នរណា?

ចម្លើយ ព្យាការីមូហាំម៉ាត់ត្រូវបានអល់ឡោះតែងតាំងជាអ្នកនាំសារ ក្នុងពេលដែលលោកមានអាយុ៤០ឆ្នាំ ហើយលោកត្រូវបានគេតែងតាំងជាអ្នកនាំសារទៅកាន់មនុស្សលោកទាំងអស់ ជាអ្នកផ្តល់ដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាន។

សំណួរទី១៣ តើអ្វីទៅជាការចាប់ផ្តើមនៃការបញ្ចុះវ៉ាហ៊ី(សារពីអល់ឡោះ)?

ចម្លើយ គឺការយល់សុបិនយ៉ាងពិតប្រាកដ។ នៅពេលដែលលោកយល់សុបិនឃើញអ្វីមួយ វាក៏បានកើតឡើងយ៉ាងពិតប្រាកដ ប្រៀបដូចជាពន្លឺអរុណោភាសបានរះឡើង។

សំណួរទី១៤ តើព្យាការីមូហាំម៉ាត់មានស្ថានភាពដូចម្តេចមុនពេលដែលលោកទទួលបានវ៉ាហ៊ី(សារពីអល់ឡោះ)? តើវ៉ាហ៊ីដំបូងបង្អស់ត្រូវបានបញ្ចុះមកនៅពេលណា?

ចម្លើយ គឺលោកតែងតែទៅគោរពសក្ការៈ(ធ្វើអ៊ីហ្ពាហ្ទាត់)ចំពោះអល់ឡោះជាម្ចាស់នៅក្នុងរូងភ្នំ “ហ៊ីរ៉ក”។ វ៉ាហ៊ីដំបូងបង្អស់ត្រូវបានបញ្ចុះមកខណៈពេលលោកកំពុងគោរពសក្ការៈចំពោះអល់ឡោះនៅក្នុងរូងភ្នំ”ហ៊ីរ៉ក”នេះ។

សំណួរទី១៥ អាយ៉ាត់អ្វីដែលត្រូវបានគេបញ្ចុះមកដំបូងគេបង្អស់នៃគម្ពីរគួរអាន?

ចម្លើយ អាយ៉ាត់(វាក្យខណ្ឌ)ដែលត្រូវបានគេបញ្ចុះមកដំបូងគេបង្អស់នៃគម្ពីរគួរអាន គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា ៖

﴿ اقْرَأْ بِاسْمِ رَبِّكَ الَّذِي خَلَقَ. خَلَقَ الْإِنْسَانَ مِنْ عَلَقٍ. اقْرَأْ وَرَبُّكَ الْأَكْرَمُ. الَّذِي عَلَّمَ بِالْقَلَمِ. عَلَّمَ الْإِنْسَانَ مَا لَمْ يَعْلَمْ ﴾ سورة العلق : 1-5

មានន័យថា : “ចូរអ្នក(មូហាំម៉ាត់)សូត្រក្នុងនាមម្ចាស់របស់អ្នកដែលបានបង្កើត(នូវអ្វីៗទាំងអស់)ចុះ(១)។ ទ្រង់បានបង្កើតមនុស្សលោកពីកំណកឈាមមួយដុំ(២)។ ចូរអ្នកសូត្រចុះ ហើយម្ចាស់របស់អ្នកមហាសប្បុរស(៣) ដែលទ្រង់បានបង្រៀន(ការសរសេរ)ដោយស្លាបប៉ាកា(៤)។ ទ្រង់បានបង្រៀនមនុស្សលោកនូវអ្វីដែលគេមិនបានដឹង(៥)”។

សំណួរទី១៦ តើអ្នកណាដែលមានជំនឿនឹងសាររបស់ព្យាការីមូហាំម៉ាត់មុនគេបង្អស់?

ចម្លើយ អ្នកដែលមានជំនឿនឹងសាររបស់ព្យាការីមូហាំម៉ាត់មុនគេបង្អស់គឺ ៖

  • ក្នុងចំណោមបុរស គឺ អាពូហ្ពាកើរ អាស្ស៊ិទ្ទីក (أبوبكر الصديق)
  • ក្នុងចំណោមស្ត្រី គឺលោកស្រី ខទីហ្ជះ កូនស្រីរបស់ ឃូវៃឡិត (خديخة بنت خويلد)(ជាភរិយារបស់លោក)
  • ក្នុងចំណោមកូនក្មេង គឺ អាលី កូនប្រុសរបស់ អាពូត៏ឡឹប (علي بن أبي طالب) (ជាជីដូនមួយរបស់លោក)
  • ក្នុងចំណោមអ្នកបម្រើ គឺ ហ្ស៊េទ កូនរបស់ ហារីសះ (زيد بن حارثة)
  • ក្នុងចំណោមទាសករ គឺ ពីឡាល កូនរបស់ រ៉ហ្ពាស (بلال بن رباح)
    និងអ្នកផ្សេងៗទៀតក្រៅពីពួកគេ។
សំណួរទី១៧ តើការអំពាវនាវ(ហ្ទាក់វ៉ះ)មនុស្សលោកទៅកាន់សាសនាអ៊ីស្លាមរបស់ព្យាការីមូហាំម៉ាត់មានលក្ខណៈដូចម្តេច?

ចម្លើយ ការអំពាវនាវ(ហ្ទាក់វ៉ះ)មនុស្សទៅកាន់សាសនាអ៊ីស្លាមរបស់ព្យាការីមូហាំម៉ាត់ គឹធ្វើឡើងដោយស្ងៀមស្ងាត់អស់រយៈពេលប្រមាណជាងបីឆ្នាំ។ ក្រោយមក ទើបគេបង្គាប់ប្រើព្យាការីមូហាំម៉ាត់ឲ្យធ្វើការអំពាវនាវមនុស្សជាលក្ខណៈបើកចំហ។

សំណួរទី១៨ តើស្ថានភាពរបស់ព្យាការីមូហាំម៉ាត់នៅក្នុងពេលនោះយ៉ាងដូចម្តេចដែរ? តើអ្នកណាដែលមានជំនឿចំពោះលោកក្រោយពីការអំពាវនាវមនុស្សដោយបើកចំហមក?

ចម្លើយ ពួកមុស្ហរីគីន(ពួកពហុទេពនិយម)បានធ្វើទុក្ខបុកម្នេញលោក និងអ្នកមូស្លីមយ៉ាងខ្លាំងក្លា រហូតដល់លោកបានអនុញ្ញាតឲ្យពួកគេធ្វើការភៀសខ្លួនទៅកាន់ស្តេច“ណាជើស្ហ៊ី”នៅឯទឹកដីហាហ្ពាស្ហះ(ប្រទេសអេចូពី)។ ពួកមុស្ហរីគីនបានឯកភាពគ្នាលើការសម្លាប់ព្យាការីមូហាំម៉ាត់ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់បានការពារលោក ដោយឲ្យឪពុកមារបស់លោក អាពូត៏ឡឹប ក្លាយជាអ្នកបីបាច់ថែរក្សាលោក ដើម្បីការពារលោកពីពួកគេ។

សំណួរទី១៩ តើអ្នកណាដែលបានស្លាប់នៅឆ្នាំទី១០បន្ទាប់ពីការតែងតាំងព្យាការីមូហាំម៉ាត់ជាអ្នកនាំសារ?

ចម្លើយ គឺឪពុកមារបស់លោកឈ្មោះ អាពូត៏ឡឹប និងភរិយារបស់ព្យាការីឈ្មោះ ខទីហ្ជះ។

សំណួរទី២០ តើព្រឹត្តិការណ៍ “អ៊ីសរ៉ក” និង”មៀករ៉ច” កើតឡើងនៅពេលណា?

ចម្លើយ ព្រឹត្តិការណ៍ “អ៊ីសរ៉ក” និង”មៀករ៉ច” គឺកើតឡើងក្នុងពេលដែលលោកមានអាយុ៥០ឆ្នាំ ដោយក្នុងពេលនោះ គេបានដាក់កាតព្វកិច្ចសឡាតទាំងប្រាំពេល។ អ៊ីសរ៉ក : គឺការធ្វើដំណើររបស់ព្យាការីមូហាំម៉ាត់ ពីម៉ាស្ជិទអាល់ហារ៉ម(ទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត) ទៅកាន់ម៉ាស្ជិទអាល់អឹកស៏(ទីក្រុងយេរូសាឡឹម ប្រទេសប៉ាឡេស្ទីន)។ មៀករ៉ច : គឹការធ្វើដំណើរ(ឡើង)ពីម៉ាស្ជិតអាល់អឹកស៏ ឆ្ពោះទៅលើមេឃ និងទៅកាន់ “ស៊ិទរ៉ទុលមុនតាហា” (នៅពីលើមេឃជាន់ទី៧)។

សំណួរទី២១ តើព្យាការីមូហាំម៉ាត់អំពាវនាវមនុស្ស(ទៅកាន់សាសនាអ៊ីស្លាម)នៅក្រៅទីក្រុងម៉ាក្កះយ៉ាងដូចម្តេច?

ចម្លើយ គឺលោកបានអំពាវនាវអ្នកស្រុកតំបន់តអ៊ីហ្វ ហើយលោកក៏បានបង្ហាញខ្លួនផងដែរនៅក្នុងរដូវកាល និងកន្លែងដែលមនុស្សជួបជុំគ្នា រហូតដល់មានអ្នកមកពីទីក្រុងម៉ាទីណះក្នុងចំណោមពួកអាន់សរ៍។ ពេលនោះ ពួកគេមានជំនឿលើលោក និងបានសច្ចាប្រណិធានលើការជួយលោកថែមទៀត។

សំណួរទី២២ តើព្យាការីមូហាំម៉ាត់អំពាវនាវមនុស្សទៅកាន់សាសនាអ៊ីស្លាមក្នុងក្រុងម៉ាក្កះអស់រយៈពេលប៉ុន្មានឆ្នាំ?

ចម្លើយ ព្យាការីមូហាំម៉ាត់បានអំពាវនាវមនុស្សទៅកាន់សាសនាអ៊ីស្លាមក្នុងទីក្រុងម៉ាក្កះអស់រយៈពេល១៣ឆ្នាំ។

សំណួរទី២៣ តើព្យាការីមូហាំម៉ាត់ លោកបានភៀសខ្លួនទៅណា?

ចម្លើយ ព្យាការីមូហាំម៉ាត់លោកបានភៀសខ្លួនពីក្រុងម៉ាក្កះ ឆ្ពោះទៅកាន់ក្រុងម៉ាទីណះ។

សំណួរទី២៤ តើលោកបានរស់នៅទីក្រុងម៉ាទីណះអស់រយៈពេលប៉ុន្មានឆ្នាំ?

ចម្លើយ លោកបានរស់នៅឯទីក្រុងម៉ាទីណះអស់រយៈពេល១០ឆ្នាំ។

សំណួរទី២៥ តើមានច្បាប់បញ្ញត្តិអ៊ីស្លាមអ្វីខ្លះដែលគេបានដាក់កាតព្វកិច្ចលើលោកនៅឯក្រុងម៉ាទីណះ?

ចម្លើយ គឺមានដូចជា ការបរិច្ចាគហ្សាកាត់ ការបួស ការធ្វើហាជ្ជី ការធ្វើសង្គ្រាម ការអាហ្សាន(ប្រការប្រាប់មនុស្សពីការចូលដល់ម៉ោងសឡាត) និងច្បាប់អ៊ីស្លាមផ្សេងៗជាច្រើនទៀត។

សំណួរទី២៦ តើសមរភូមិសំខាន់ៗអ្វីខ្លះដែលព្យាការីមូហាំម៉ាត់បានចូលរួម?

ចម្លើយ សមរភូមិសំខាន់ៗដែលព្យាការីមូហាំម៉ាត់បានចូលរួមមានដូចជា ៖

  • សមរភូមិហ្ពាទើរ
  • សមរភូមិអ៊ូហ៊ុទ
  • សមរភូមិអះហ្សាប
  • សមរភូមិរំដោះទីក្រុងម៉ាក្កះ
សំណួរទី២៧ តើអាយ៉ាត់(វាក្យខណ្ឌ)មួយណានៃគម្ពីរគួរអានដែលត្រូវបានបញ្ចុះមកចុងក្រោយគេបង្អស់?

ចម្លើយ អាយ៉ាត់ចុងក្រោយបង្អស់នៃគម្ពីរគួរអានដែលត្រូវបានបញ្ចុះមក គឺ ៖

وَاتَّقُوا يَوْمًا تُرْجَعُونَ فِيهِ إِلَى اللَّهِ ۖ ثُمَّ تُوَفَّىٰ كُلُّ نَفْسٍ مَا كَسَبَتْ وَهُمْ لَا يُظْلَمُونَ ﴿ سورة البقرة : 281 ﴾

មានន័យថា : “ហើយចូរពួកអ្នកខ្លាចថ្ងៃមួយដែលនៅថ្ងៃនោះ គេនឹងនាំពួកអ្នកវិលត្រឡប់ទៅជួបអល់ឡោះវិញ។ បន្ទាប់មក គេនឹងតបស្នងដល់បុគ្គលម្នាក់ៗតាមអ្វីដែលគេបានប្រព្រឹត្ដ ហើយពួកគេមិនត្រូវបានគេបំពានឡើយ”។

សំណួរទី២៨ តើព្យាការីមូហាំម៉ាត់បានទទួលមរណភាពនៅពេលណា? តើលោកមានអាយុប៉ុន្មានឆ្នាំ?

ចម្លើយ ព្យាការីមូហាំម៉ាត់បានទទួលមរណភាពក្នុងខែរ៉ពីអ៊ុលអាវវ៉ាល់ ក្នុងឆ្នាំទី១១បន្ទាប់ពីលោកបានភៀសខ្លួន ក្នុងពេលដែលលោកមានអាយុ៦៣ឆ្នាំ។

សំណួរទី២៩ ចូរលើកឡើងពីភរិយាមួយចំនួនរបស់ព្យាការីមូហាំម៉ាត់។

ចម្លើយ ភរិយាមួយចំនួនរបស់ព្យាការីមូហាំម៉ាត់មានដូចជា ៖

  • ខទីហ្ជះ
  • អាអ៊ីស្ហះ
  • អ៊ុមមូសាឡាម៉ះ
  • ហាហ្វសោះ។
សំណួរទី៣០ តើបុត្រាបុត្រីរបស់ព្យាការីមូហាំម៉ាត់មាននរណាខ្លះ?

ចម្លើយ បុត្រាបុត្រីរបស់ព្យាការីមូហាំម៉ាត់មាន ៖ បុត្រារបស់លោក គឺមានចំនួនបីនាក់ ៖

  • កសឹម
  • អាប់ទុលឡោះ
  • និងអ៊ីព្រហ៊ីម

ចំណែកឯបុត្រីវិញ មានបួននាក់គឺ ៖

  • ហ្វាទីម៉ះ
  • រូក័យយ៉ះ
  • អ៊ុមមូកាល់សូម
  • និងហ្សៃណប់។

បុត្រាបុត្រីទាំងអស់ខាងលើនេះ សុទ្ធតែជាកូននឹងលោកស្រីខទីហ្ជះទាំងអស់ លើកលែងតែអ៊ីព្រហ៊ីមម្នាក់ប៉ុណ្ណោះ ហើយពួកគេទាំងអស់ក៏សុទ្ធតែបានទទួលមរណភាពមុនព្យាការីផងដែរ លើកលែងតែហ្វាទីម៉ះម្នាក់គត់ដែលទទួលមរណភាពក្រោយព្យាការីរយៈពេល៦ខែ។

សំណួរទី៣១ ចូរលើកឡើងពីលក្ខណៈរូបសម្បត្តិខ្លះៗរបស់ព្យាការីមូហាំម៉ាត់។

ចម្លើយ ព្យាការីមូហាំម៉ាត់ ﷺ មានកម្ពស់សមល្មម មិនខ្ពស់ពេក មិនទាបពេក សម្បុរសភ្លឺថ្លា ពុកចង្កាក្រាស់ ភ្នែកធំស្រឡះ មាត់ធំទូលាយស្អាត សក់ខ្មៅ ស្មាធំទូលាយ ក្លិនខ្លួនក្រអូប ហើយរូបសម្បត្តិរបស់លោកផ្សេងទៀត សុទ្ធតែស្រស់ស្អាត។

សំណួរទី៣២ តើព្យាការីមូហាំម៉ាត់បានបន្សល់ទុកអ្វីសម្រាប់ប្រជាជាតិរបស់លោក?

ចម្លើយ ព្យាការីមូហាំម៉ាត់បានបន្សល់ទុកនូវមាគ៌ាដ៏ភ្លឺស្វាងត្រចេះត្រចង់សម្រាប់ប្រជាជាតិរបស់លោក ដែលពេលយប់របស់វាប្រៀបដូចជាពេលថ្ងៃ ហើយមិនវង្វេងចេញពីវាឡើយ លើកលែងតែអ្នកដែលអន្តរាយបុណ្ណោះ។ គ្មានប្រការល្អណាមួយ លើកលែងតែលោកបានចង្អុលបង្ហាញដល់ប្រជាជាតិរបស់លោក(ឲ្យធ្វើវា) ហើយក៏គ្មានប្រការអាក្រក់ណាមួយដែរ លើកលែងតែលោកបានព្រមានពួកគេឲ្យមានការប្រុងប្រយ័ត្នអំពីវា។

អង្គការវប្បធម៌អារ្យធម៌កម្ពុជា-អារ៉ាប់ @culturalcentercambodia

About the author

iCenter
សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment